កីឡាករ លន បញ្ញា ថា ភាគី​ថៃ មិន​ផ្តល់​ប្រាក់រង្វាន់ តាមការ​សន្យា ហើយការ​ប្រគល់ស្លាក​រង្វាន់ គ្រាន់ជា​ការបោក បន្លំ​ភ្នែក​អ្នកទស្សនា

លន បញ្ញា

កីឡាករ​ជើង​ខ្លាំង​ជាម្ចាស់មេដាយ​ប្រាក់​ស៊ីហ្គេម លន បញ្ញា បាន​ប្រាប់ដល់​អ្នក​គាំទ្រ​ប្រដាល់​គុនខ្មែរ តាម​រយៈ​វីដេអូឡាយ​របស់​ខ្លួន​ថា ភាគី​ថៃ ដែលជា​អ្នក​រៀបចំការ​ប្រកួត Mas Fight នៅប្រទេស​ថៃ បាន​ក្បត់​ពាក្យ​សន្យា​របស់​ខ្លួន ក្នុង​ការ​ប្រគល់​ប្រាក់រង្វាន់ ហើយ​បញ្ហានេះ​បាន​ធ្វើ​ឱ្យ​​អ្នក​គាំ​ទ្រ​កម្ពុជា មានការ​ក្តៅ​ក្រហាយ​ជំនួស លន បញ្ញា ដែលត្រូវបាន​ភាគី​ថៃ បោក​ប្រាស់បែបនេះ។

តាម​អ្វីដែល លន បញ្ញា បាន​លើក​ឡើង នៅក្រោយ​ការ​ប្រកួត​ចប់ កាលពី​ថ្ងៃសៅរ៍​នោះ គឺ​អ្នក​រៀបចំការ​ប្រកួត Mas Fight របស់​ថៃ បានសន្យា​ផ្តល់​ប្រាក់រង្វាន់​ចំនួន​១សែន​បាត ដល់ លន បញ្ញា បើ​សិនជា​រូបគេ អាច​ផ្តួល​កីឡាករ​ថៃ ប៉ុន្តែ​នៅពេល លន បញ្ញា បាន​វ៉ៃ​កីឡាករ​ថៃ​ម្នាក់នេះ ឱ្យ​សន្លប់មែន បែរ​ជា​ខាងភាគី​ថៃ ផ្តល់​ប្រាក់​រង្វាន់ពិតប្រាកដ​ត្រឹម​១ម៉ឺន​បាតទៅវិញ។

Category Top

កីឡាករ លន បញ្ញា

លន បញ្ញា បាន​និយាយ​ ក្រោយ​ការ​ប្រកួតចប់​ថា៖ «ជម្រាបសួរ​បង​ប្អូន ថ្ងៃ​នេះ មានរឿង​ចង់​និយាយ​បន្តិច។ មិញ​នេះ ខ្ញុំ​បាន​ប្រកួត​ឈ្នះ​កីឡាករ​ថៃ នៅ​លើ​សង្វៀន Mas Fight ១ទឹក​៩នាទី។ មុន​ដំបូង​គេ​ (ភាគី​ថៃ) ថា ប្រាក់រង្វាន់​១សែន​បាត បើ​វ៉ៃ​ឱ្យ​សន្លប់ ហើយ​ពេល​យើង​វ៉ៃ​ឱ្យ​សន្លប់ ឃើញ​ស្លាក​រង្វាន់​​ ដែល​គេ​ប្រគល់​ឱ្យ​ខ្ញុំ គឺ​​១សែន​បាត​មែន ប៉ុន្តែ​ពេល​បើកលុយ​ឱ្យ​ពិត​ប្រាកដ​ គឺ​១ម៉ឺន​បាតទេបងប្អូន គឺ​ស្មើ​នឹង​១​៣០០០០០​រៀលហ្នឹង បាក់ទឹក​ចិត្តស្តូក»។

កីឡាករ​កម្ពុជា​រូប​នេះ បាន​បន្ថែម​ថា៖ «ឥឡូវ​នេះ កំពុងតែ​ចចារ មិនដឹង​ថា ​បាន​ឬ​អត់ទេ​បងប្អូន! ប្រហែល​ជា​អត់​ទេ ព្រោះ​ថៃ​ក្រឡាស់​ខ្លាំង​មែន​ទែន តាំង​ពីថ្លឹងគីឡូ តាំងពីម៉ោង​វ៉ៃ អត់​យល់! កាលហាត់នៅ​ខ្មែរ ៦៣គីឡូក្រាម ដល់អ៊ីចឹង​​ខ្ញុំ​ខំសម្រក​គីឡូ​សល់​៦២ ប៉ុន្តែ​ដល់ពេល​ថ្លឹងគាត់​ប្រាប់​ថា វ៉ៃ​៦៥គីឡូ ហើយពេល​វ៉ៃ​ឈ្នះ​ហើយ ប្រាក់​រង្វាន់​គេ​ក្រឡាស់​ទៀត អត់​យល់?»។

តាម​ការ​បញ្ជាក់​​របស់ លន បញ្ញា គឺ​ពេល​ថ្លឹង​ទម្ងន់ រូបគេ មាន​ទម្ងន់ត្រឹម ៦២.៦គីឡូក្រាម ខណៈ​កីឡាករ​ថៃជាម្ចាស់​ផ្ទះ មាន​ទម្ងន់ ៦៤.៧គីឡូក្រាម គឺ​លើស​ លន បញ្ញា ២កីឡូ១ខាំ ប៉ុន្តែ​ពេល​ប្រកួតជាក់​ស្តែង លន បញ្ញា បាន​ប្រើពេល​ខ្លី​បំផុត ដើម្បី​វ៉ៃ​ឱ្យ​កីឡាករ​ថៃ​រូបនេះ អស់លទ្ធភាព​តដៃ និង​ត្រូវបានអាជ្ញាកណ្តាលបញ្ឈប់។

យ៉ាង​ណា​ក៏​ដោយ ជ័យជម្នះ​របស់ លន បញ្ញា បានប្រែ​ក្លាយជា​រឿង​គ្មាន​ន័យ ខណៈ​អ្នក​រៀបចំ​កម្ម​វិធី​ប្រកួត Mas Fight របស់​ប្រទេស​ថៃ បែរ​ជា​ក្បត់ពាក្យ​សន្យា​ខ្លួន​ឯង ហើយ​បោក​ប្រាស់​កីឡាករ​ខ្មែរ ជុំ​វិញ​ប្រាក់រង្វាន់បែបនេះ។ ទង្វើ​នេះ បាន​ធ្វើ​ឱ្យ​អ្នកគាំ​ទ្រ​កម្ពុជា មានការ​ក្តៅក្រហាយ និង​រិះគន់យ៉ាង​ខ្លាំង ទៅដល់​ភាគី​ថៃ ដែល​តែងតែ​ព្យាយាម​បំបាក់ស្មារតី​កីឡាករ​ខ្មែរ ទាំង​មុនការ​ប្រកួត និងក្រោយការ​ប្រកួត ក្នុងបំណង​តែមួយ​គត់ គឺ​មិនចង់​ឱ្យ «គុនខ្មែរ» ល្បីល្បាញជាងកីឡា «មួយ​ថៃ» របស់ពួកគេ៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម