កីឡាករ​លំដាប់ខ្លាំង​របស់កម្ពុជា បាន​វ៉ៃ​បរទេស​ឱ្យ​សន្លប់រហូតដល់​៥នាក់ នៅ Khmer Fight ខណៈ លន បញ្ញា ប្រើពេល​ខ្លីជាង​គេ

កម្មវិធីប្រដាល់

កីឡាករ​លំដាប់ជួរមុខ​របស់​កម្ពុជា​ចំនួន​៥នាក់ សុទ្ធតែ​បាន​ប្រើបច្ចេក​ទេស​ផ្តួលកីឡាករ​បរទេស​មក​ពី​ថៃ ហ្វីលីពីន និងអ៊ីរ៉ង់ ឱ្យសន្លប់ និង​បោះបង់ចោលការ​ប្រកួត​ដូចគ្នា នៅក្នុងការ​ប្រកួត​ប្រដាល់​គុនខ្មែរ  Khmer Fight ដែលត្រូវបាន​ធ្វើ​ឡើង នៅកីឡដ្ឋាន​ខេត្តកំពង់ស្ពឺ កាលពី​យប់មិញ។

សម្រាប់ការ​ប្រកួតអន្តរជាតិ ចំនួន​៦​គូ កាលពី​យប់ថ្ងៃព្រហស្បតិ៍ ម្សិលមិញ​នេះ វាបាន​ក្លាយជា​ទស្សនីយភាព ដែល​អ្នក​ខេត្តកំពង់ស្ពឺ មិនអាច​បំភ្លេចបាន ខណៈកីឡាករ​តំណាង​ឱ្យ​ជាតិ​​របស់​ខ្លួន​រួមមាន បឺត សង្ឃឹម, លន បញ្ញា, ឡៅ ចិត្ត្រា, រឿង សោភ័ណ្ឌ និង កែវ រំចង់ សុទ្ធតែ​បាន​ផ្តួល​ដៃគូ​របស់​ខ្លួន​ឱ្យសន្លប់ និង​បោះ​បង់​ចោលការ​ប្រកួតដូចគ្នា​នោះ គឺ​មានតែ កាន់ ម៉េងហុង ម្នាក់​ទេ ដែលបាន​ឈ្នះ​កីឡាករ​វៀតណាម ដោយពិន្ទុ។

Category Top

គុនខ្មែរ

ជាមួយការ​ប្រកួត ដែលមានការ​ចូលរួម​ផ្ទាល់​ពី​លោក ហ៊ុន ម៉ានី តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ និងប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោក វី សំណាង អភិបាលខេត្តកំពង់ស្ពឺ ព្រមទាំង​អ្នកគាំ​ទ្រ​យ៉ាង​ច្រើន​នោះ ម្ចាស់មេដាយប្រាក់ស៊ីហ្គេម លន បញ្ញា បាន​ក្លាយជា​កីឡាករ​កម្ពុជា ដែលបានប្រើពេល​ខ្លីជាងគេ ក្នុងការ​វាយ​ឱ្យ​អ្នក​ប្រដាល់​ហ្វីលីពីន Shaquile Soriano សន្លប់ធំ តាម​រយៈការ​វាយកែង នៅពាក់កណ្តាល​ទឹក​ទី១ សម្រាប់ការ​ប្រកួត​ក្នុង​ប្រភេទទម្ងន់៦៣,៥គីឡូក្រាម។

ចំណែក​អ្នកប្រដាល់សម្បូរល្បិច បឺត សង្ឃឹម នៅតែ​អាច​រក្សា​បាន​នៅភាព​ខ្លាំង ក្នុងនាមជា​ម្ចាស់មេដាយមាសស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ដោយ​រូបគេ បាន​វាយកែងស្តាំបណ្តាល​ឱ្យ​ហ្វីលីពីន Areal Lee.B.Lampacan ដួកទាំងជំហរ និងត្រូវបានអាជ្ញាកណ្តាលរាប់ នៅក្នុងទឹកទី​២ ហើយ​ក្រោយការ​រាប់នេះ បឺត សង្ឃឹម បាន​ចូលវាយសង្រ្គប់មួយប្រាវ​ទៀត និង​បាន​វាយកែង​ឆ្វេង​ម្តង ចូល​ថ្គាម​ពេញ នាំឱ្យ​កីឡាករ​ទម្ងន់​៥៧​គីឡូក្រាម​ក្រាម​របស់ហ្វីលីន​រូប​នេះ សន្លប់ធំ​តែម្តង។

khmer fight

យ៉ាង​ណា​មិញ អ្នកប្រដាល់ជើងចាស់ កែវ រំចង់ ដែល​ទើប​បាន​វិលត្រឡប់មកកាន់​សង្វៀន​ប្រដាល់ ក្នុង​រយៈពេល​ជិត​២​ខែនេះ នៅតែអាច​ផ្តល់​ភាព​កក់ក្តៅ និងការ​រំភើប​ចិត្ត​ដល់​អ្នកគាំ​ទ្រ ខណៈ​កីឡាករ​ឡើង​ទម្ងន់​ដល់​៨១គីឡូក្រាម​រូបនេះ បានវាយកណ្តាប់ដៃ​ និងកែង បណ្តាល​ឱ្យ​កីឡាករ​​បានកម្ពស់​របស់អ៊ីរ៉ង់ Abol Fazl ដួល​សន្លប់ នៅក្នុងទឹក​ទី​២នោះ ហើយនេះជាជ័យជម្នះ​យ៉ាងសំខាន់ សម្រាប់ការ​ប្រកួត​អន្តរជាតិ លើក​ដំបូង​របស់ កែវ រំចង់ សម្រាប់ការ​វិល​មកកាន់​សង្វៀន​ជាថ្មីនេះ។

ជាមួយគ្នានេះ អ្នកលេងកណ្តាប់ដៃ​ធ្ងន់  រឿង សោភ័ណ្ឌ ដែលទើប​ឈ្នះ​បានមេដាយ​ប្រាក់ ពីការ​ប្រកួត​ប្រដាល់ឃីកបុកស៊ីង ជើង​ឯកអាស៊ី នៅប្រទេស​ថៃ បាន​វាយ​កែង​ឆ្វេង បណ្តាល​ឱ្យ​អ្នកប្រដាល់ថៃ Sri Trang Tor Buamas បែកនៅ​​លើ​ថ្ងាសខាងស្តាំ តាំងពី​ទឹក​ទី​១ ហើយអាជ្ញាកណ្តាល បានសម្រេច​បញ្ឈប់ការ​ប្រកួត​របស់ថៃ នៅទឹកទី​២ បន្ទាប់ពី​មុខ​របួសនេះ បែក​កាន់តែ​ធំ មាន​ឈាមហូរច្រើន​ពេក។

កីឡាករប្រដាល់កម្ពុជា

ចំណែកអ្នកប្រដាល់ជើងខ្លាំងជាម្ចាស់​ស្រុក ឡៅ ចិត្ត្រា មិន​ធ្វើ​ឱ្យ​អ្នកគាំ​ទ្រ​​នៅខេត្តកំពង់ស្ពឺ អស់​ជំនឿ​នោះទេ ដោយ​រូបគេ បាន​ប្រើ​ស្មងជើង​ដ៏​រឹងរបស់គេ ទាត់បំបែកកង់​ក្រោម​របស់​​អ្នកប្រដាល់​ទម្ងន់៦៧គីឡូក្រាមរបស់​ថៃ Kao Eh នៅទឹកទី​២ ហើយនេះជាការ​ព្យាយាម​តាមទាត់ជើង​​ក្រោម​ម្តង​ហើយ​ម្តងទៀតរបស់​ម្ចាស់មេដាយសំរឹទ្ធ ចិត្ត្រា ខណៈ Kao Eh មានរបួសជើងក្រោម ហើយត្រូវបានអាជ្ញាកណ្តាល​រាប់តាំងពីទឹកទី​១នោះ។

ចំពោះ​​ម្ចាស់​មេដាយ​ប្រាក់ស៊ីហ្គេម កាន់ ម៉េងហុង បាន​យក​ឈ្នះអ្នកប្រដាល់វៀតណាម Pham Ba hoi សម្រាប់ការ​ប្រកួត​ក្នុង​ប្រភេទទម្ងន់៥៤គីឡូក្រាម ដោយពិន្ទុ ហើយគូរ​បើក​ឆាកមួយ​នេះ ពិតជាទទួលបានការគាំ​ទ្រ​ខ្លាំង​ពី​អ្នកគាំ​ទ្រ ព្រោះពួកគេ បានវាយ​សងគ្នា​ពេញ​៣​ទឹក តែ​ការ​វាយចេញ​របស់ ម៉េងហុង ចំគោលដៅល្អជាង និង​ធ្វើ​ឱ្យ​វៀតណាម​ម្នាក់នេះ ចង់​សន្លប់​ម្តងៗ​ទៅ​ហើយ។

កីឡាករប្រដាល់

ជាមួយ​នឹងការ​រៀបចំឱ្យមានការ​ប្រកួត​ Khmer Fight ដ៏​ធំ នៅ​កីឡដ្ឋាន​ខេត្តកំពង់ស្ពឺនេះ លោក ហ៊ុន ម៉ានី បាន​ថ្លែង​ថា ការប្រកួតប្រដាល់ជាលក្ខណៈអន្តរជាតិនេះ ជាការប្រកួតលើកទី២នៅលើទឹកដីខេត្តកំពង់ស្ពឺ ក្រោមការសហការជាមួយថ្នាក់ដឹកនាំស្ថាននីយ៍ទូរទស្សន៍TV5 ដែលដំបូងឡើយ ការប្រកួតនេះធ្វើឡើង នៅឆ្នាំ២០១៩។

លោក​បានបញ្ជាក់​ថា៖ «នេះជាលើកទី២ ដែលយើងរៀបចំការ​ប្រកួតនេះម្តង​ទៀត នៅទឹកដីខេត្តកំពង់ស្ពឺ ឆ្នាំ២០២២ ហើយខ្ញុំ​សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំស្ថាននីយ៍ទូរទស្សន៍ TV5 និងថ្នាក់ដឹកនាំសហព័ន្ធកីឡាប្រដាល់គុនខ្មែរ រួមទាំង​ម្ចាស់​ឧបត្ថម្ភ​ទាំង​អស់ ដែល​បាន​រួមគ្នាបង្កើត​ទស្សនីយភាពដ៏ល្អនេះ ដល់ប្រជាពលរដ្ឋ នៅ​ខេត្តកំពង់ស្ពឺ»៕

ការប្រកួតប្រដាល់

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម