កីឡាករ​ទម្ងន់​យក្ស​របស់កម្ពុជា បាន​យក​ឈ្នះកូរ៉េខាងត្បូង តែ សៅ រង្សី បាន​ត្រឹម​បង្កើត​ការ​ភ្ញាក់​ផ្អើល

Khmer Winner

កីឡាករទម្ងន់​យក្ស​របស់កម្ពុជា រ៉ា​ចា​ពៅ អាប់​ឌុល​ឡា បាន​នឹង​កំពុង​បង្កើតឱ្យមានក្តី​សង្ឃឹម​ សម្រាប់កម្ពុជា ក្នុង​ការឈាន​ទៅ​រក​ការឈ្នះបានមេដាយ សម្រាប់​ការ​ប្រកួតជើងឯក​អាស៊ីAsian Elute Man and Women Boxing Championship ( ASBC) ដែល​កំពុងតែ​ធ្វើ​នៅ​ប្រទេស​ហ្ស៊កដានី ប៉ុន្តែ សៅ រង្សី បាន​ត្រឹម​បង្កើត​ការ​ភ្ញាក់​ផ្អើល ជាមួយការ​វ៉ៃ​អ្នកប្រយុទ្ធ​របស់អ៊ីរ៉ង់​ឱ្យ​រាប់ មុនពេលចាញ់ពិន្ទុ​វិញ។

តាមរយៈការ​ប្រកួត ក្នុងប្រភេទទម្ងន់​៩២គីឡូក្រាម កាលពី​ថ្ងៃព្រហ្បតិ៍​ម្សិលមិញនេះ កីឡាករ​កូនកាត់​ខ្មែរ​-​អ៊ូ​សបេ​គីស្ថាន រ៉ា​ចា​ពៅ អាប់​ឌុល​ឡា (Abdulla Rajapov) បាន​យក​ឈ្នះ​កីឡាករកូរ៉េខាងត្បូង HANEUL JUNG ដោយពិន្ទុ​ដាច់​តែ​ម្តង សម្រាប់ការ​ប្រកួត​៣ទឹក​ពេញ ក្នុង​វគ្គ​ជម្រុះ​១៦នាក់ដំបូង។

Category Top

ASBC_Asian_Women’s_&_Men’s_Elite_Boxing_Championships_Amman_2022

ជាមួយ​ជ័យជម្នះ​នេះ កីឡាករ រ៉ា​ចា​ពៅ អាប់​ឌុល​ឡា នឹង​ត្រូវ​ឡើង​ទៅកាន់ការ​ប្រកួត​វគ្គ​៨នាក់​ចុង​ក្រោយ ដោយ​រូបគេ​ត្រូវប៉ះ​អ្នកប្រដាល់​របស់​អ៊ូបេគីស្ថាន Saydrakhimov Madiyar ដែល​បាន​ឡើង​មក​ឈរ​ចាំនៅវគ្គនេះ ដោយស្វ័យ​ប្រវត្តិ។ ការ​ប្រកួត​របស់​អ្នក​ទាំង​២នេះ នឹង​ត្រូវ​ធ្វើ នៅ​ថ្ងៃទី៧ ខែវិច្ឆិកា ហើយ​អ្នក​ឈ្នះ នឹង​ឡើង​ទៅកាន់វគ្គពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ និង​វគ្គ​ផ្តាច់​ព្រ័ត្រ សម្រាប់ប្រភេទម្ងន់យក្ស​នេះ។

ដោយ​ឡែក​កីឡាករកម្ពុជា សៅ រង្សី បាន​បង្កើត​ឱ្យមានការ​ភ្ញាក​ផ្អើល សម្រាប់ការ​ប្រកួត​ទម្ងន់​៥៤គីឡូក្រាម​របស់​គេ ដោយ​ម្ចាស់មេដាយសំរឹទ្ធ​ស៊ីហ្គេម នៅប្រទេស​វៀតណាមរូប​នេះ បាន​វ៉ៃ​ឱ្យ​អ្នក​ប្រដាល់​របស់អ៊ីរ៉ង់ Mehdi Khosravi វង្វេង បណ្តាល​ឱ្យ​អាជ្ញាកណ្តាល​រាប់ តាំងពី​ទឹក​ទី​១ ប៉ុន្តែ​​នៅទឹក​ទី២ សៅ រង្សី មានបញ្ហាឈឺដៃ និងរាងធ្លាក់កម្លាំងសុហ្វ នាំ​ឱ្យរូបគេ ចាញ់​ប្រៀប​អ៊ីរ៉ង់ នៅទឹក​ទី​២ និងទឹកទី​៣​វិញ ហើយ​បានចាញ់ ដោយពិន្ទុ​មិនឯកច្ឆន្ទ ២១ ដ៏គួរ​ឱ្យសោកស្តាយបំផុត។

Khmer Boxing

យ៉ាង​ណាមិញកីឡាករ​របស់កម្ពុជា​២នាក់​ទៀត នឹង​ត្រូវ​ធ្វើការ​ប្រកួត​បើក​ឆាក តាមប្រភេទ​ទម្ងន់​របស់ពួកគេ នៅ​ថ្ងៃសុក្រ​នេះ ដោយក្នុង​នោះ កីឡាករ​ទម្ងន់​៥១​គីឡូក្រាម​ នូវ សុខ​ទី ត្រូវ​ប្រកួត​ជាមួយ​កីឡាករ Drugyel Tenzin រីឯ ទូច ដេវីត ត្រូវ​ប៉ះ​ម្ចាស់​ផ្ទះ Mohammad ABU Jajeh ក្នុងទម្ងន់​៦០គីឡូក្រាម។ ចំណែក​កីឡាករ​កូនខ្មែរ-គុយបា វ៉ែន រដ្ឋា ត្រូវ​ជួបHursand Imankuliyev ក្នុងទម្ងន់​៦៣,៥​គីឡូក្រាម ហើយ​កីឡាករ​កូនខ្មែរអ៊ូសបេគីស្ថាន ណា​ស្រេ​ឌី​នូវ អាន់​វ៉ា ត្រូវប្រកួត​ជាមួយ​កីឡាករ​ថៃ Weerapon Jongjoho នៅ​ថ្ងៃ​បន្ទាប់៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម