​ការកំណត់​បទបញ្ជា​​ប្រកួតថ្មីនៅស៊ីហ្គេម នឹង​ជួយ​ពង្រីក​វិសាលភាពក្រម៉ាខ្មែរ នៅលើ​ឆាក​អន្តរជាតិ

ការប្រកួតប្រដាល់គុនខ្មែរ

ការកំណត់​បទបញ្ជា​ថ្មី ដោយ​ផ្តោត​ទៅលើ​ការតុបតែង​ខ្លួន នៃ​ប្រភេទ​​កីឡា​អត្តសញ្ញាណ «គុនខ្មែរ ឬ Kun Khmer» សម្រាប់​ការ​ប្រកួតស៊ីហ្គេម លើកទី​៣២ ឆ្នាំ​២០២៣ នា​ខែឧសភា ខាង​មុខ​នេះ នឹង​អាច​ក្លាយជា​ចំណែក​មួយ​យ៉ាង​សំខាន់ ក្នុងការ​ផ្សព្វ​ផ្សាយ​ក្រម៉ា​ខ្មែរ ទៅលើ​ឆាក​អន្តរជាតិ ពិសេស​នៅ​ក្នុងតំបន់​អាស៊ាន តែម្តង។

តាមការ​បញ្ជាក់​របស់​លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​ជាតិ CAMSOC នៅ​ក្នុង​សន្និសីទ​កាសែត កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ បាន​ឱ្យ​ដឹង​ថា កម្ពុជា បាន​ទទួល​ជោគ​ជ័យ​យ៉ាង​ធំ ក្នុងការ​ដាក់​​បញ្ចូល​កីឡា «គុនខ្មែរ» ចូល​ទៅក្នុងស៊ីហ្គេម ក្នុង​នាមជា​ម្ចាស់​ផ្ទះ ដោយមាន​ប្រទេស​ចំនួន​៨ បាន​គាំ​ទ្រ និង​ចូលរួម រួម​មាន​​ឥណ្ឌូនេស៊ី វៀតណាម ហ្វីលីពីន ឡាវ មីយ៉ាន់ម៉ា ម៉ាឡេស៊ី ថៃ និងកម្ពុជា ជា​ម្ចាស់​ផ្ទះ​។

Category Top

កីឡាករប្រដាល់

ជាមួយគ្នានេះ កម្ពុជា បានកំណត់ច្បាស់លាស់ ក្នុងការ​បង្កើត​នូវបទបញ្ជា​ប្រកួត​ថ្មី ដែល​មិន​ចំលង​ចេញពីប្រភេទ​កីឡាណាមួយ​នោះ​ទេ ជាពិសេស Muay Thai របស់​ប្រទេស​ថៃតែ​ម្តង ហើយ​នៅក្នុង​នោះ ការកំណត់ប្រើក្រម៉ាជួតក្បាល ឬ ទៃគ្រូ ជាអត្តសញ្ញាណ​ជាតិ​របស់ខ្មែរ ​បាន​ក្លាយជាចំណុចពិសេស​ ដែល​ប្រទេស​ចូលរួម​ប្រដាល់គុនខ្មែរ ទាំង​អស់ បាន​គាំ​ទ្រ។

លោក វ៉ាត់ ចំរើន បានថ្លែង​ថា៖ «យើងបានកំណត់​ចំណុច​ពិសេសទៅលើសម្លៀកបំពាក់ និងការតុបតែងខ្លួន​​របស់កីឡា​ប្រដាល់គុនខ្មែរ​របស់យើង អ៊ីចឹង​រៀបតុបតែង​ខ្លួន​នេះ យើងបានឯក​ភាព​គ្នា និងផ្ញើ​របៀបរៀបចំរបស់​យើង​នេះ​ ដើម្បីបញ្ជាក់អត្តសញ្ញាណ​យើងពីឥឡូវ​ទៅ គឺ​យើងប្រើក្រម៉ា និង​ទង់ជាតិ ដើម្បីជួតក្បាល»។

ជើងឯក

អ្នកជំនាញ​កីឡា​រូបនេះ បាន​បន្ថែម​ថា៖ «នៅក្នុងចំណុចកណ្តាល​នៃ​រង្វង់​ក្រមាជួត​ក្បាល់​នេះ យើង​ត្រូវមាន​ការកំណត់នៅអត្តសញ្ញាណមួយ អ៊ីចឹង​យើងកំណត់​យកក្រម៉ា ដែលមានទង់ជាតិ នៅពីមុខ​ ចំណែកប្រទេស​ផ្សេងៗ​ទៀត គេដាក់​ទង់ជាតិ​របស់​គេ ប៉ុន្តែ​ត្រូវប្រើក្រម៉ាដូចគ្នា ដូច្នេះ​​យើងនឹង​ផលិតក្រម៉ាជួត​ក្បាល​ជូន​ទៅគាត់ ហើយគាត់អាច​ប្រើប្រាស់​បាន ដោយដាក់​ទង់ជាតិ​​របស់​គាត់ នៅពីខាងមុខ»។

ជាមួយគ្នា​នេះ លោក វ៉ាត់ ចំរើន ដែលជាអគ្គលេខាធិការ NOCC និងជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡាគុនខ្មែរ​អន្តរជាតិ ផង​នោះ បានជំរុញ​ឱ្យគ្រប់​សង្វៀន​ប្រដាល់ និង​គ្រប់ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​គុនខ្មែរ ត្រូវកំណត់​ឱ្យមាន​ការ​ប្រើក្រម៉ាជួត​ក្បាល​នេះ ក្នុងទម្រង់តែមួយ ខណៈ​កន្លង​មក ការ​ប្រើក្រម៉ាជួតក្បាល​នេះ គឺ​ភាគ​ច្រើន ចេញពីក្លិប និង​កីឡាករ​ផ្ទាល់ ដោយមិន​មែនជា​តម្រូវ​ការ ឬ​ការកំណត់​ឱ្យប្រើ​របស់​ម្ចាស់​សង្វៀន​នោះទេ។

កីឡាការិនី

លោក វ៉ាត់ ចំរើន បានបញ្ជាក់​ថា៖​ «នេះជា​ចំណុច​ពិសេស​មួយ ដែល​យើង​ធ្វើ​ឱ្យមានការ​ឯក​ភាពគ្នា ជាមួយ​ឯកឧត្តម តែម ម៉ឺន ប្រធានសហព័ន្ធ​កីឡាប្រដាល់​គុនខ្មែរ នៅទីនេះ គឺ​យើង​នឹង​ធ្វើ​កិច្ចការងារ​នេះ ហើយ​​គ្រប់ទូរទស្សន៍ និង​គ្រប់ការប្រកួតគុនខ្មែរ​ទាំងអស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា យើងនឹងធ្វើគំរូ​តុបតែង​ខ្លួន​របស់កីឡាករ​នេះ​ឱ្យដូចៗគ្នា ហើយ​អនុវត្តឱ្យបានដូចគ្នា និងគ្រប់គ្នាទាំង​អស់​ គឺគំរូ​ពុម្ពតែ​មួយ សម្លៀប​បំពាក់តែមួយ ការតុបតែង​តែមួយ។ យើងនឹង​ធ្វើ​ឱ្យមានការឯកភាពជាតិទាំងមូល​ ដើម្បីឆ្ពោះទៅរកការ​អភិវឌ្ឍ​មួយ​ប្រកប​ដោយ​ចីរភាព៕

ប្រតិភូគុនខ្មែរ

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម