កាន់​តែទំនើបហើយ កម្ពុជា បានបញ្ជាទិញ VAR ដើម្បី​ប្រើក្នុងការ​ប្រកួត​ស៊ីហ្គេម នៅ​កម្ពុជា

ប្រកួតបាល់ទះ

កម្ពុជា តាម​រយៈ​សហព័ន្ធកីឡា​បាល់​ទះកម្ពុជា បាន​បញ្ជា​ទិញ​​​វីដេអូ​ជំនួយអាជ្ញាកណ្តាល (Video Assistant Referee) ហៅកាត់ថា VAR ដើម្បី​​ដាក់​ឱ្យប្រើប្រាស់ជា​ផ្លូវការ នៅ​ក្នុង​ការប្រកួត​ស៊ីហ្គេម លើក​ទី​​​៣២ ក្នុងនាមជា​ម្ចាស់​ផ្ទះ ជា​លើកដំបូង នាខែឧសភា ឆ្នាំ​២០២៣​នេះ។​

លោក​បណ្ឌិត អាំង សិរីពិសិដ្ឋ (Aing Serey Piseth) អគ្គលេខាធិការសហព័ន្ធកីឡា​បាល់​ទះកម្ពុជា បានអះអាង​ថា កម្ពុជា បានក្លាយជា​ប្រទេស​ទី​៤ នៅក្នុងតំបន់​អាស៊ាន ដែល​បានបញ្ជាទិញ VAR ដើម្បី​ដាក់ប្រើ​នៅក្នុងស៊ីហ្គេម បន្ទាប់ពីប្រទេស​ថៃ ឥណ្ឌូនេស៊ី និង​ហ្វីលីពីន ចំណែក​ប្រទេស​ផ្សេង​ទៀត មិនទាន់មាន​នោះទេ។

Category Top

បាល់ទះ

លោកបាននិយាយ​​ថា៖ «កំណែ​ទម្រង់ថ្មី​របស់​សហព័ន្ធ​កីឡាបាល់​ទះកម្ពុជា ក្រោមការ​ដឹកនាំ​របស់ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន ជា​ប្រធាន និងឯកឧត្តម ស សុខា ជាអនុ​ប្រធាន គឺ​យើង​បាន​បញ្ជា​ទិញ​ប្រព័ន្ធ VAR ហើយ​មកដល់ម៉ោងនេះ ខ្ញុំគិតថា កម្ពុជា​របស់យើង បាន​ក្លាយ​​ជា​ប្រទេស​ទី​៤ នៅ​ក្នុង​​តំបន់អាស៊ាន ដែលមាន VAR ដោយ​យើងបាន​បញ្ជា​ទិញ និង​ត្រៀម​ដាក់ឱ្យ​​ប្រើប្រាស់ នៅ​ក្នុង​​​​ស៊ីហ្គេម ឆ្នាំ​២០២៣​នេះ»។

លោក​ អាំង សិរីពិសិដ្ឋ បានអះអាង​ថា ៖ «មានតែ​ថៃ ឥណ្ឌូនេស៊ី និងហ្វីលីពីន ទេ ដែលមាន VAR ផ្ទាល់ខ្លួន ហើយកម្ពុជា ជា​ប្រទេសទី​៤ ខណៈ​​សិង្ហបុរី ម៉ាឡេស៊ី​ និង​វៀតណាម ដែល​ទើបធ្វើម្ចាស់ផ្ទះកន្លងមកនេះ សុទ្ធតែ​បាន​ជួល VAR ពីប្រទេស​ថៃ​យកទៅប្រើ។ អ៊ីចឹង​បើសិន​ជា​យើង​ជួល​គេ​យក​មកប្រើ គឺ​​​ចប់​ស៊ីហ្គេម មន្រ្តីបច្ចេកទេស​របស់​យើង នៅតែអត់ចេះ​ដដែល ដូច្នេះ​​​យើង​ត្រូវតែ​បណ្តុះបណ្តាល​ធនធន​ ឱ្យមាន​ម្ចាស់​ការ​​លើ​ខ្លួនឯងតែ​ម្តង ហើយ​ចប់​ពី​ស៊ីហ្គេម​ទៅ យើងនឹង​​មាន​ធនធាន​​គ្រប់គ្រាន់ សម្រាប់​​បម្រើ​ការ​ងារ ក្នុង​​ការ​ប្រកួត​នានា​ទៀតបាន»។ លោក សិរីពិសិដ្ឋ បានបន្ថែម។

កីឡាករបាល់ទះ

ការ​ទម្លាយ​ព័ត៌មាន ចំពោះ​ការបញ្ជាក់ពីការ​​ទិញ VAR ​របស់​សហព័ន្ធ​កីឡា​បាល់​ទះ​កម្ពុជា គឺ​លោក អាំង សិរីពិសិដ្ឋ បាន​លើក​ឡើង ​នៅ​ក្នុង​ពិធី​បិទ​​​​​ការ​​ប្រកួត​បាល់​ទះ Slamball នៅកីឡដ្ឋានបាល់ទះ​វិសាខា កាលពី​ព្រលប់ ថ្ងៃទី​២៨ ខែ​មករា ហើយ​​ពានរង្វាន់​​មួយនេះ មានក្រុមចំនួន​៨ បានចូលរួម ដោយ​បាន​ផ្ដើម​ប្រកួត​​តាំង​ពី​ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២មក។

ចំណែកការប្រកួត​ផ្តាច់ព្រ័ត្រ កាលពី​ថ្ងៃសៅរ៍ កន្លងមកនេះ ​ក្រុមពង្រូល​កំពង់​​ស្ពឺ បាន​យក​ឈ្នះក្រុម​ត្រីឆ្លាំងភ្នំពេញ ដោយ​លទ្ធផល​ ៣សិតទល់នឹង​២សិត (៣-​២)​ ដើម្បីក្លាយជា​ជើងឯក អម​ដោយប្រាក់រង្វាន់​​២០លានរៀល ជាមួយកំណត់​ត្រា មិន​ធ្លាប់ចាញ់សោះ ហើយ​ក្រុម​លេខ​២ ត្រីឆ្លាំងភ្នំពេញ ទទួល​បានប្រាក់​រង្វាន់​​១២លានរៀល រីឯក្រុម​លេខ​៣ បានទៅលើ​ក្រុមដំរីសៀមរាប ដែល​បានប្រាក់៦លាន​រៀល។

ជើងឯកបាល់ទះ

ជុំវិញ​ការ​បង្កើត​ឱ្យមាន​ការប្រកួតបាល់ទះពានរង្វាន់ Slamball រដូវ​កាល​ទី​១​នេះ លោក អាំង សិរីពិសិដ្ឋ បាន​បញ្ជាក់ថា៖ «ព្រឹត្តិការណ៍ Slamball នេះ ក៏ជាការ​រួមចំណែក​មួយ ក្នុងការ​ជំរុញ​​​ការវិវឌ្ឍ​ថ្មី​នៃវិស័យបាល់​ទះនៅកម្ពុជា ហើយខ្ញុំសង្ឃឹម​ជឿជាក់ថា វិស័យ​ឯក​ជន​នានា​ជា​ពិសេស​​​ក្រុមហ៊ុន Anchor នៅតែ​បន្តគាំទ្រ ឧបត្ថម្ភ​ ក៏ដូចជាបង្កើតព្រឹត្តិការណ៍​នានា ក្នុង​ការជួយ​ជំរុញការអភិវឌ្ឍ​វិស័យបាល់ទះបន្ថែមទៀត»៕

ក្រុមទទួលជយលាភី

រង្វាន់បាល់ទះ

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម