កម្ម​វិធី គុនខ្មែរ​អលស្តារ ហ៊ាន​ឱ្យតម្លៃខ្លួនដល់ ធឿន ធារ៉ា ដល់​២ពាន់ដុល្លារ បន្ទាប់ពីជើងខ្លាំង​រូប​នេះ ឡើងទៅឈរនៅ​លេខ​១

កីឡាករ ធឿន ធារ៉ា

ម្ចាស់​ស្ថាបនិក​កម្ម​វិធី «គុនខ្មែរ​អលស្តារ» លោក ស៊ន អេលីត បាន​ប្រកាស​ថា លោក​នឹង​ផ្តល់ជូន​តម្លៃ​ខ្លួន​ដល់​កីឡាករ ធឿន ធារ៉ា រហូត​ដល់​២០០០​ដុល្លារ បន្ទាប់ពី​ជើងខ្លាំង​របស់កម្ពុជា ទើប​ឈ្នះបានខ្សែ​ក្រវាត់ នៅ Thai Fight រូបនេះ ត្រូវបាន​ទទួលស្គាល់​ដោយអន្តរជាតិ និង​បាន​ចាត់​ទុក​ថា ជាកីឡាករ​មានចំណាត់ថ្នាក់លេខ​១ ផ្នែក​ប្រដាល់សេរី លើប្រភេទទម្ងន់​៧២,៥​គីឡូក្រាម។

ការហក់​ឡើងទៅឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​​១ ​លើ​កំពូល​តារាង​ចំណាត់​ថ្នាក់​កីឡាករ​ប្រដាល់​សេរី ក្នុង​ប្រភេទ​ទម្ងន់ ៧២,៥​គីឡូក្រាម របស់ ធឿន ធារ៉ា ត្រូវបាន​ផេចហ្វេសប៊ុកឈ្មោះ WORLD KUN KHMER PROMOTION បង្ហាញកាលពី​យប់​មិញ ហើយ​ដំណឹង​ដ៏​រំភើបនេះ ត្រូវបាន​អ្នកគាំ​ទ្រ​ប្រដាល់គុនខ្មែរ នាំ​គ្នា​បង្ហោះ​បន្ត នៅលើ​បណ្តាញសង្គម​ព្រោង​ព្រាត ដើម្បី​អបអរ​​ដល់ ធឿន ធារ៉ា និង គុនខ្មែរ ដែល​ត្រូវបានទទួលស្គាល់ជាអន្តរជាតិ។

Category Top

ជាមួយគ្នានេះ​ម្ចាស់ខ្សែ​ក្រវាត់ Thai Fight ក្នុងប្រភេទ​ទម្ងន់ ៧២,៥គីឡូក្រាម ធឿន ធារ៉ា បាន​​បង្ហោះសារ​នៅលើ​ហ្វេសប៊ុក​របស់ខ្លួន ចំពោះ​ដំណឹង​ដ៏​ល្អនេះ​ថា៖ ​«ពេលនេះ គេទទួល​ស្គាល់​​កូនខ្មែរយើង ជាប់​លំដាប់​ថ្នាក់លេខ​១»។

តារាងចំណាត់ថ្នាក់ធឿន ធារ៉ា

តាម​រយៈការ​ចាត់ជាចំណាត់​ថ្នាក់​ប្រដាល់​សេរី ក្នុង​ប្រភេទ​ទម្ងន់ ៧២,៥​គីឡូក្រាមនេះ គឺ​មានន័យ​ថា ធឿន ធារ៉ា បាន​ក្លាយជា​កីឡាករ ដែលមាន​សមត្ថ​ភាពខ្លាំង​បំផុត ក្នុងប្រភេទទម្ងន់​នេះ ខណ:​កីឡាករថៃ Beckham ដែល​ទើបប្រកួត​ចាញ់​ ធឿន ធារ៉ា កាល​​ពីថ្ងៃទី​៣១ ខែធ្នូ បាន​​ជាប់​លេខ២ ចំណែក សៃយុគ ដែលត្រូវបាន ធឿន ធារ៉ា វាយ​កែងឱ្យគ្រូ​ពេទ្យបញ្ឈប់​នៅទឹកទី​១ ក្នុងការ​ប្រកួត​ផ្តាច់ព្រ័ត្រ នៅ Thai Fight កាលពីពេលថ្មីៗនេះ បាន​ធ្លាក់ទៅ​ឈរ​នៅ​លេខ៥ ក្រោមកីឡាករ​របស់ប៊ែល​ហ្ស៊ិក និង​អូស្រ្តាលី។

ទន្ទឹម​នឹងនេះ លោក ស៊ន អេលីត ស្ថាបនិកកម្មវិធី «គុនខ្មែរ​អលស្តារ» បានបង្ហោះ​សារ​បែបនេះ​ថា៖​ «ពេលនេះគេទទួលស្គាល់ប្អូន (ធឿន ធារ៉ា) ហើយឈរលំដាប់លេខ១ ហើយ​ប្អូន​ក៏​ត្រូវ​​ទទួល​​ស្គាល់​ថា ខ្លួន​ឯង​ជា​កីឡាករ​មួយ ​ដែល​តំណាងឱ្យ​កម្ពុជាដែរ សូម​ប្អូន​គួរ​បន្ថែម​ការ​ហ្វឹក​ហាត់​ឱ្យ​បានច្រើនទៀត»។

លោកបាន​បន្ថែម​ថា៖​«សូមប្អូន​កុំ​​ទទួល​​ការ​ប្រកួត​ញឹកញាប់​ពេក ហើយ​​គួរ​សុំ​តម្លៃខ្លួន​ប្អូន​ឱ្យ​​បាន​លើ1000$ ចាំទទួលការប្រគួត ប៉ុន្តែ​សម្រាប់​​​កម្មវិធីគុនខ្មែរ​អលស្តារ​ បង​នឹង​ជូន​តម្លៃ​ខ្លួន​ប្អូន ចាប់​ពី1500$ដល់2000$ ដើម្បី​លើក​តម្កើង​កីឡាក​រជាតិ»៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម