កម្ពុជា បញ្ជាក់តបទៅវិញ ចំពោះ​ការចុះ​ផ្សាយ​ខុស​របស់​សារព័ត៌មាន​ថៃ ជុំ​វិញការលក់​សិទ្ធិ​ផ្សាយ​ផ្ទាល់នៃ​ព្រឹត្តិការណ៍​ស៊ីហ្គេម

លោក វ៉ាត់ ចំរើន

មន្ត្រី​ជំនាញ​​របស់​គណៈកម្មាធិការជាតិរៀបចំ​ការប្រកួតកីឡា ស៊ីហ្គេម និង​អាស៊ានប៉ារ៉ា​ហ្គេម ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) លោក វ៉ាត់ ចំរើន បាន​បញ្ជាក់ថា ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ថៃ ដែល​ថា កម្ពុជា ​​បាន​កំណត់​តម្លៃ លើការលក់សិទ្ធិផ្សព្វផ្សាយទូរទស្សន៍ (ផ្សាយផ្ទាល់) ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម និង​អាស៊ានប៉ារ៉ា​ហ្គេម ឆ្នាំ២០២៣ នោះ គឺជារឿង​មិន​ពិត។

នៅ​ក្នុង​​កិច្ចប្រជុំក្រុមការងារ លើ​បញ្ហា​ការរៀបចំ មជ្ឈមណ្ឌល​ផ្សព្វផ្សាយ​អន្តរជាតិ (IBC) ការផលិត និង​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​ប្រកួតស៊ីហ្គេម និង​អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ​២០២៣ នៅ​ពហុកីឡ​ដ្ឋាន​ជាតិ​មរតកតេជោ ​នាព្រឹក​ថ្ងៃពុធនេះ លោក វ៉ាត់ ចំរើន ថ្លែង​ថា៖«ថ្មីៗ​នេះ​មាន​សារព័ត៌មានចេញ​ពី​ប្រទេស​ថៃ បានផ្សាយអំពីការលក់សិទ្ធិផ្សព្វផ្សាយទូរទស្សន៍ សម្រាប់ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅ​កម្ពុជា ក្រោម​ការរៀបចំ​របស់​គណៈកម្មាធិការ​ជាតិ​ CAMSOC ។ សារព័ត៌មានថៃ បានផ្សព្វផ្សាយថា កម្ពុជា​បាន​កំណត់​តម្លៃ​លើ​ការ​ទិញ​សិទ្ធិ​ផ្សព្វផ្សាយ​ទូរទស្សន៍​ពីព្រឹត្តិការណ៍កីឡាដ៏ធំ ឆ្នាំ២០២៣នេះ»។

Category Top

អគ្គលេខាធិការ CAMSOC រូបនេះ បានបន្ថែម​ថា៖ «ខ្ញុំសូមបញ្ជាក់ថា ​CAMSOC មិន​ដែលបានកំណត់តម្លៃជាថវិកានូវចំនួនប៉ុណ្ណេះ ឬ​ប៉ុណ្ណោះ​នោះទេ ដោយ​យើង​បាន​​ចរចារគ្នា ជាមួយ​​គណៈកម្មាធិការ​ជាតិអូឡាំពិក ​នៃ​ប្រទេស​អាស៊ីអាគ្នេយ៍ ​ជា​សមាជិក​ស៊ីហ្គេម ដោយ​គណៈកម្មាធិការជាតិ​ទាំងនោះ នឹង​ធ្វើ​កិច្ចការ​ផ្សាព្វផ្សាយនេះ ជាមួយ​ស្ថានីយទូរ​ទស្សន៍​របស់​គេ​រៀងៗខ្លួន ហើយ​​បាន​គេ​យក​តម្លៃនោះ មក​ចរចារ​ជាមួយ​យើង។ កម្ពុជា មិន​មែន​ជា​អ្នក​កំណត់​តម្លៃនោះទេ ដូច្នេះ​សូម​មតិ​សាធារណជន​កុំយល់ច្រឡំ លើបញ្ហានេះថា កម្ពុជា​ជា​អ្នក​កំណត់​តម្លៃ​លើ​ការទិញ-លក់សិទ្ធិទូរទស្សន៍»។

គួរ​បញ្ជាក់ថា កាលពីថ្ងៃទី​២៥​ ខែកុម្ភៈ កន្លងមក​នេះ ​អង្គភាពព័ត៌មាន ​thaipbsworld​ ​របស់​ប្រទេស​ថៃ បាន​​​ចុះ​ផ្សាយថា ​ម្ចាស់​ផ្ទះ​កម្ពុជា ​​បាន​ដាក់​តម្លៃ ៨០ម៉ឺន​ដុល្លារ​អាមេរិក​ ​សម្រាប់​សិទ្ធិផ្សាយ​​បន្ត​​​ផ្ទាល់​កីឡា​ស៊ីហ្គេម​ ដែល​​ខ្លួន​​​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​។​ ប៉ុន្តែ​មិនទាន់​មាន​ប្រទេស​ណា​មួយ ព្រមព្រៀង​នៅ​ឡើយ​ ក្នុងនោះ​ប្រទេសថៃ​ក៏​ទំនងជា​នឹង​មិន​បង់ប្រាក់​តាម​ការ​ស្នើ​ឡើង​​ពី​​កម្ពុជា​ដែរ ​ក្រោម​​ហេតុ​ផល​​ថា ​តម្លៃនេះ​ខ្ពស់ពេក​។

សន្និសិទកាសែត

ដោយ​គ្មាន​បញ្ជាក់ពីប្រភពច្បាស់លាស់ដដែល Thaipbsworld​ បានអះអាង​ថា ខ្លួន​បាន​​ស្រង់សម្តី​ មន្ត្រី​នៅ​អាជ្ញាធរ​កីឡា​ថៃ (SAT)​ ដែល​បាន​និយាយ​ថា ​ពួកគេ​ មិន​​អាច​ទិញ​សិទ្ធិ​ផ្សាយផ្ទាល់​តាម​តម្លៃ​នេះ​ទេ ព្រោះ​មិន​ដឹង​ថា ​លុយ​នឹង​មក​ពី​ណា​ទេ។ ​យ៉ាង​ណា​ក៏​ដោយ ពួក​គេ​នឹង​​ព្យាយាម​ចរចា​ជាមួយ​សមភាគី​កម្ពុជា ​ដើម្បី​កាត់​បន្ថយ​ថ្លៃ​សេវា​ ដោយ​បន្ថែម​ថា គេ​មិន​ដឹង​ថា​ ទូរទស្សន៍​ណា​ចាប់​អារម្មណ៍​ទិញ​សិទ្ធិ​នោះ​ដែរ។

ចំពោះ​ការ​ចុះផ្សាយ ដោយគ្មាន​មូល​ដ្ឋាន និងប្រភព​ច្បាស់លាស់របស់ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ​នេះ លោក វ៉ាត់ ចំរើន បាន​បន្ថែម​ថា៖ «កម្ពុជា​តែង​តែ​ធ្វើការ​ងារ​ស្រប​ទៅ​តាម​ស្តង់ដា​នៃ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម ប្រកប​ដោយ​គុណភាព​ខ្ពស់ ជាពិសេស​លើ​ការ​ផ្សព្វផ្សាយ​ចំពោះ​ការ​ប្រកួត​កីឡា ហើយ​កម្ពុជា​អនុវត្ត​ទៅ​តាម​ផ្លូវ​ច្បាប់ច្បាស់​លាស់ ក្នុងការលក់សិទ្ធិទូរទស្សន៍ ដោយ​ក្រុម​ប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍ បានផ្តល់សិទ្ធិនេះ ជូនដល់ម្ចាស់ផ្ទះកម្ពុជា»។

លោកអះអាង​ទៀត​ថា មិនមាន​មតិណា​មួយ ​បាន​ជំទាស់​លើ​ការ​លក់​សិទ្ធិផ្សព្វផ្សាយ​ទូរ​ទស្សន៍​របស់​ម្ចាស់ផ្ទះកម្ពុជា ក្នុងការរៀបចំស៊ីហ្គេម ក្នុង​កិច្ចប្រជុំ​ក្រុម​ប្រឹក្សា​កីឡាអាស៊ីអាគ្នេយ៍ កន្លងមកនោះទេ។ ដូច្នេះនេះជាសិទ្ធិរបស់កម្ពុជា ហើយ​ក៏​របៀប​របប​ធ្វើការ​​មួយ​ជាគំរូល្អ ដល់​ដំណើរ​ការស៊ីហ្គេមក្រោយៗទៀត ខណៈ​កម្ពុជា​ទទួល​បាន​ការគាំទ្រ​យ៉ាង​ពេញ​ទំហឹង​ពីបណ្តា​ប្រទេសទាំងអស់ ក្នុងអាស៊ីអាគ្នេយ៍។

អគ្គលេខាធិការ NOCC លោក វ៉ាត់ ចំរើន បាន​សង្កត់​ធ្ងន់​ថា៖ «ខ្ញុំ​សូម​បញ្ជាក់​ជូន​ជាថ្មី​ម្តងទៀតថា កម្ពុជាមិនបានកំណត់តម្លៃលក់សិទ្ធិទូរទស្សន៍ ដើម្បី​ឱ្យ​គេ​ទិញ​នោះទេ ពោល​គឺ​វា​ស្ថិត​នៅ​លើ​ការចរចារគ្នា​ទៅតាមទីផ្សារ។ យើងឃើញថា ប្រទេស​ណាមួយ ​ដែល​មានទីផ្សារធំ គឺ​ចរចា​ក្នុង​តម្លៃខ្ពស់ រីឯប្រទេសណា ដែលមានទីផ្សារតូច ​នឹង​ចរចាពីតម្លៃតូច។ បើ​យើង​កំណត់​តម្លៃ គឺខុស ព្រោះ​វាស្ថិតនៅលើការចរចាគ្នា ដោយ​មិនមែន​ជាការ​កំណត់​តម្លៃនោះទេ។ ដូច្នេះ​សូម​បណ្តាញសារព័ត៌មានជាតិ និង​អន្តរជាតិ ​គួរ​យល់​លើ​បញ្ហា​នេះ​ឱ្យ​បានច្បាស់លាស់»៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម