កម្ពុជា ធ្វើ​ឱ្យ​ក្រុម​ហ្វីលីពីន ស្រក់ទឹក​ភ្នែក នៅលើ​ទឹក​ដី​ខ្លួនឯង តែ​អ្នកគាំទ្រ​ប៊ិះដាច់ដង្ហើម

កម្ពុជាអបអរគ្រាប់បាល់ស៊ុតបញ្ចូលទី

កីឡាករ​របស់ហ្វីលីពីន មួយចំនួន បានបង្ហូរទឹក​ភ្នែក ដើម្បី​បង្ហាញ​ពីការ​សោកស្តាយរបស់ពួកគេ ដែលបាន​ចាញ់​ក្រុម​ម្ចាស់​ផ្ទះ​កម្ពុជា ក្នុង​ការប្រកួត​បើក​ឆាក​​ប្រចាំពូលA នៃ​​ពាន​​រង្វាន់ AFF Mitsubishi Electric Cup 2022 នៅពហុកីឡដ្ឋានជាតិ​មរតកតេជោ កាលពី​យប់​មិញ។

នៅក្នុងការ​ប្រកួត​នេះ ក្រុម​ជម្រើសជាតិ​ហ្វីលីពីន អាច​គ្រប់​គ្រង​បាល់​បានច្រើនជាង​ក្រុមកម្ពុជា ជាពិសេស​នៅ​តង់ទី​២ ប៉ុន្តែ​ការ​រកបាន២គ្រាប់ជាប់ៗ​គ្នារបស់​ខ្សែ​ប្រយុទ្ធ រ៉ឹង ប៊ុនហៀង នៅនាទីទី​​១៦ និង​ខ្សែ​បម្រើ អ៊ន ចាន់ប៉ូលីន នៅនាទីទី​២០ បាន​ក្លាយជា​កាដូ​យ៉ាង​ធំ សម្រាប់​ម្ចាស់ផ្ទះកម្ពុជា ក្នុងការតតាំងជាមួយ ហ្វីលីពីន។

Category Top

កីឡាករកម្ពុជា

តែទោះបីជា​យ៉ាងណា ការ​ស៊ុត​បញ្ចូលទី​២​គ្រាប់​ជាប់ៗ​គ្នា​របស់ខ្សែ​ប្រយុទ្ធ Kenshiro Michael Lontok Daniels នៅនាទីទី​៤១ និងបាទីទី​៥៥ បាន​ជួយ​ឱ្យ​ហ្វីលីពីន អាច​តាមស្មើ​ក្រុម​កម្ពុជា​វិញ ហើយបានបង្កើន​ការ​លេង​កាន់តែមានទំនុក​ចិត្ត ក្នុងការ​ដាក់សម្ពាធ​ទៅលើ​ក្រុម​ម្ចាស់​ផ្ទះ។

ប៉ុន្តែ​នៅនាទីទី​៥៩ រ៉ឹង ប៊ុនហៀង បាន​រក​ឃើញ​គ្រាប់បាល់​ទី​២​របស់​ខ្លួន និងជា​គ្រាប់​បាល់​​នាំ​មុខ​សម្រាប់កម្ពុជា ហើយខ្សែ​ប្រយុទ្ធ សៀង ចន្ធា ក៏សឹងតែនឹងអាច​រកបានគ្រាប់ទី​៤ នៅ​នាទីទី​៧០ តែ​រូបគេស៊ុតបាល់​ដាច់តែ​ឯង​នោះ មិន​ផុតពីការចេញ​មកសង្រ្គោះ​របស់អ្នកចាំទី​ហ្វីលីពីន។

ជម្រើសជាតិកម្ពុជា

បន្ទាប់ពីការ​បាត់​បង់​ឱកាស​មាស​របស់ សៀង ចន្ធា​ នេះ ក្រុម​ហ្វីលីពីន ចាប់ផ្តើម​បង្កើនការ​វាយ​លុក​ទៅលើតំបន់​ការពារ​របស់​កម្ពុជា យ៉ាង​ល្អ។ បើទោះបីជា ក្រុមកម្ពុជា បាន​នាំ​គ្នា​ចុះទៅការពារ​ស្ទើរ​តែទាំងអស់ ប៉ុន្តែ​ការ​លេងបាល់ខ្លីៗ យ៉ាងស៊ីចង្វាក់​គ្នា​របស់​ហ្វីលីពីន បាន​ធ្វើ​ឱ្យកម្ពុជា រងសម្ពាធ​យ៉ាង​ខ្លាំង ចំណែក​អ្នកគាំ​ទ្រ​វិញ ស្ទើរ​តែ​​ដាច់ដង្ហើមម្តងៗ ជាមួយការស៊ុត​ម្តង​ហើយ​ម្តង​ទៀត​ពីសំណាក់កីឡាករ​របស់ហ្វីលីពីន​នេះ។

តែទោះបីជា​យ៉ាង​ណា ក្រុមកម្ពុជា នៅតែអាច​បិទ​ជាប់ និង​រក្សា​បាននូវការ​នាំ​មុខ ៣-២ រហូត​ដល់​ចប់ការ​ប្រកួត ហើយការ​ឈ្នះ ៣-២ នេះ​បាន​ធ្វើ​ឱ្យ​អ្នកគាំ​ទ្រ​កម្ពុជា មានការ​រីក​រាយ​ខ្លាំង ព្រោះ​ពួកគេ ខាន​ឃើញ​ជ័យជម្នះ​បែបនេះ​យូរដែរ​ហើយ ប៉ុន្តែចំពោះ​​ក្រុម​ហ្វីលីពីន វិញ បាន​​បង្ហាញការ​សោកស្តាយ​ខ្លាំង ហើយក៏មាន​អ្នកខ្លះ បានស្រក់ទឹក​ភ្នែក ចំពោះការ​ចាញ់នេះ ផងដែរ។

កីឡាករហ្វីលីពីន

ចំណែក​លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា ដែល​បាន​ហោះ​ពី​ប្រទេសកាតា មកដឹកនាំ​ក្រុមកម្ពុជា ដោយ​ផ្ទាល់ ក្នុងការ​ប្រកួត​នេះ បាន​បង្ហោះសារបែប​នេះ​ថា៖​«អរគុណ​ការ​គាំទ្រ​របស់​អ្នក​យប់​នេះ សម្រាប់ការ​ប្រកួត​ជាមួយ​ហ្វីលីពីន។ សម្រាប់​ជំនួប​បន្ទាប់​ គឺ​ជា​ការ​ប្រកួត​ដ៏​សំខាន់​បំផុត ហើយ​វា​នឹង​ក្លាយ​ជា​ការ​ប្រកួត​ដ៏​ស្វិត​ស្វាញ​ជាមួយ​នឹង​ក្រុម​ឥណ្ឌូណេស៊ី។ យើងនឹងរៀបចំសម្រាប់ការ​ប្រកួតនោះ»។

ជាមួយ​ជ័យជម្នះ ដែល​ដណ្តើម​បាន​ទាំង​លំបាក​បំផុតនេះ បានជួយ​ឱ្យក្រុមកម្ពុជា ​ឡើង​ទៅ​​ឈរ​នៅលេខ​២ ខណៈ​ទីតាំង​លេខ​១​នៅពេលនេះ គ្រប់​គ្រង​ដោយក្រុមជម្រើសជាតិថៃ បន្ទាប់ពី​ពួកគេ បាន​លត់​ក្រុម​ជម្រើសជាតិប្រ៊ុយណេ រហូត​ដល់ ៥-០ ក្នុងការ​ប្រកួត​បើក​ឆាក កាលពី​ថ្ងៃអង្គារ ម្សិលមិញនោះ​ដែរ៕

ការប្រជែងយកបាល់របស់កីឡាករកម្ពុជា

លោក ហុងដា

ក្រុមអ្នកគាំទ្រកម្ពុជា

ការប្រកួតរវាងប្រ៊ុយណេ និងថៃ

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម